ខេត្ត​ចំនួន​បី​ចូល​ជា​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​ផ្នែក​សំណង់​ប្រវត្តិសាស្ត្រ​និង​ទេសចរណ៍​​

ខេត្ត​សៀមរាប​៖ តំណាង​អង្គការ​យូណេស្កូ​ប្រចំា​នៅ​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​អភិរក្ស​នូវ​សម្បត្តិ​វប្បធម៌ ​បែប​ប្រវត្តិសាស្ត្រ ​និង​បេតិកភណ្ឌ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ ​ពី​ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​សំបូរ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​ច្រើន​ជាង​គេ​ ខណៈ​ក្នុង​នោះ​​មាន​ខេត្ត​ចំនួន​បី​ ​ត្រូវ​បាន​​ក្លាយ​ជា​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​ផ្នែក​សំណង់​ប្រវត្តិសាស្ត្រ​ ផ្សា​ភ្ជាប់​នឹង​តំបន់​ទេសចរណ៍​។​

ការ​ជំរុញ​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ​ស្តី​ពី​ទេសចរណ៍​ប្រកប ដោយ​និរន្តរភាព ​និង​ទីក្រុង​បេតិកភណ្ឌ ដែល​សន្និសីទ​នេះ​ដែរ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង សៀមរាប​ កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៧​ម្សិលមិញ​។

មាន​ប្រសាសន៍​នៅ​ក្នុង​សន្នីសីទ​នោះ ​លោកជំទាវ Anne Lemaistre ​តំណាង​អង្គការ​យូណេស្កូ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​សម្បត្តិ​បេតិកភណ្ឌ​នៃ​បណ្តា​ប្រទេស​មួយ ​ចំនួន​ដែល​បាន​ដាក់​ចូល នៅ​ក្នុង​អង្គការ​យូណេស្កូ ​បាន​ប្រឈម ​និង​ការ​ដក​ចេញ​វិញ ​ហើយ​មួយ​ចំនួន​ក៏​បាន​ដក​វិញ​ហើយ​ដែរ ដោយសារ​តែ​ការ​អភិរក្ស​និង​ការ​អនុវត្ត​ច្បាប់​នៃ ​ប្រទេស​ទំាង​នោះ ​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ និង​ការ​ណែនំា​របស់​អង្គការ​យូណេស្កូ​។

ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ​គឺ​ជា​ប្រទេស​មួយ​ដែល​បាន​អនុវត្តន៍​បាន​ល្អ​តាម​ការ​ណែនាំ ​របស់​អង្គការ យូណេស្កូ ​ដូច​ជា​ករណី​នៅ​ប្រាសាទ​ភ្នំបាក់ខែង ​កន្លង​មក​គឺ ​អាជ្ញាធរ​អប្សរា​បាន បើក​ឱ្យ​ភ្ញៀវទេសចរ​ឡើង ​ទៅ​ទស្សនា​ប្រាសាទ ​និង​មើល​ថ្ងៃ​លិច​ដោយ​សេរី ​ដែល​ប្រឈម និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាសាទ ​ប៉ុន្តែ​បន្ទាប់​មាន​ការ​ណែនំា​ពី ICC Angkor ​អាជ្ញាធរ​អប្សរា បាន​កំណត់​ឱ្យ​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​ប្រាសាទ ​និង​ថ្ងៃលិច​ត្រឹមតែ ​៣០០​នាក់ ​ប៉ុណ្ណោះ​ក្នុង​មួយ​លើក​ៗ ដែល​នេះ​គឺ​ជា​ការ​អភិរក្ស​មួយ​ដ៏​ល្អ​។

លោក​ជំទាវ Anne Lemaistre ​ក៏​បាន​ជំរុញ​ឱ្យ​កម្ពុជា​អភិរក្ស​នូវ​សម្បត្តិវប្បធម៌​បែប​ប្រវត្តិសាស្រ្ត និង​បេតិកភណ្ឌ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​បន្ថែមទៀត ពី​ព្រោះ​កម្ពុជា​ជា​ប្រទេស ​ដែល​សំបូរ​សម្បត្តិ បេតិកភណ្ឌ​ដ៏​អស្ចារ្យ​ច្រើន​ជាងគេ ​ដូច​ជា​នៅ​ខេត្ត​បាត់ដំបង បន្ទាប់​ពី​គណៈ ប្រតិភូ​បានចុះទៅទស្សនកិច្ច ដោយ​ផ្ទាល់​ឃើញ​ថា ​ខេត្ត​បាត់ដំបង​មាន​សម្បត្តិ​វប្បធម៌​ជា​ច្រើន ដែល​ត្រូវ​អភិរក្ស​ឱ្យ​បាន​ដូច​ជា ​អាគារ​រដ្ឋបាល​ខេត្ត ​សំណង់​វត្ត ​ដែល​មាន​អាយុ​កាល​រាប់ រយឆ្នំា​រួម​ជា​មួយ​សិល្បៈ​បែប​ប្រពៃណី​ទំនៀម ​ទម្លាប់​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​នោះ​។​

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក ឯក ប៊ុនថា ​អគ្គនាយក​រង​បច្ចេកទេស​នៃ​ក្រសួង​វប្បធម៌ ​បាន​ឱ្យ​ដឹង​ថា ​ជា​ការ​ពិត​ណាស់ ​កម្ពុជា​ជា​ប្រទេស​ដែល​សំបូរ​សម្បត្តិ បេតិកភណ្ឌ​ច្រើន​ទំាង​ផ្នែក​វប្បធម៌ ​សំណង់​ប្រវត្តិ​សាស្ត្រ ​និង​ប្រាសាទ​បុរាណ​។ ​ចំពោះ​ការ ​អភិរក្ស​សំណង់​ប្រវត្តិសាស្ត្រ នេះ​កម្ពុជា​បាន​ស្នើ​សុំ​ដាក់​បញ្ចូល​ទីក្រុង​សំខាន់ៗ​ចំនួន​បី ​ដែល​មាន​សំណង់​បែប​ប្រវត្តិសាស្ត្រ​ច្រើន ជា​ទីក្រុង​បេតិកភណ្ឌ​ផ្សា​ភ្ជាប់​នឹង​ទេសចរណ៍ ​ទៅ​ក្នុង​បញ្ជី បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​ក្នុង​នោះ​មាន ​ក្រុង​បាត់ដំបង ក្រុង​កំពត ​និង​ក្រុង​ក្រចេះ​៕ ផ្តល់សិទ្ធដោយ៖ news.kqube.net

Add a Comment

Your email address will not be published. Required fields are marked *