ចាប៉ី​ដង​វែង​ខ្នាត​យក្ស​ត្រូវ​បាន​ដង្ហែ​ទៅ​រក្សា​ទុក​នៅ​សាលាខេត្ត​​បាត់ដំបង​​​​​

ខេត្ត​សៀមរាប​៖​​ ចាប៉ី​ដង​វែង​ខ្នាត​យក្ស​ ដែល​ផលិត​ឡើង​​សម្រាប់​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លង​ទៅ​​ត្រូវ​បាន​ដង្ហែទៅ​រក្សាទុក​ក្នុង​បរិវេណ​​ក្នុង​ផ្ទះ​បុរាណ​សម័យ​លោក​ម្ចាស់​ឈុំ ​អភ័យវង្ស ​(​ក​ថាថន) (បច្ចុប្បន្ន​ សាលា​ខេត្ត​បាត់ដំបង​)​ ​និង​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​ដោយ​ជោគជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ​ខែ​មិថុនា​ ឆ្នាំ​២០១​៧​​នេះ។

ការ​សម្រេច​ដង្ហែ​ចាប៉ី​ដង​វែង​ខ្នាត​យក្ស ​ដែល​បាន​បំបែក​ឯតទគ្គកម្ម​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃទី​១៤ ខែ​មេសា ​ឆ្នាំ​២០១៧ ​ទៅ​រក្សា​ទុក​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នៅ​ពេល​នេះ ​ធ្វើ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​ជំទាវ ​ភឿង ស​កុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​​​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​ និង​មាន​ការ​ឯកភាពពី​ឯកឧត្តម​ ហ៊ុន ម៉ានី​ ប្រធាន​សហភាព​​សហព័ន្ធ​យុវជន​កម្ពុជា​ស្រប​ពេល​ដែល​ខេត្ត​បាត់ដំបង​ ក៏​ជា​ខេត្ត​មួយ​ដែល​សម្បូណ៌​ទៅ​ដោយ​បេតិកភណ្ឌ​ជាតិ​ជា​ច្រើន​ផង​ដែរ​។


លោកស្រី កែវ សុភាព ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​បាត់ដំបង​មាន​ប្រសាសន៍​ថា ​ការទទួល​បាន​ចាប៉ី​ដង​វែង​ខ្នាត​យក្ស​នៅ​ពេលនេះ​ គឺជា​កិត្តិយស​មួយ​ដ៏​ធំ​ធេង​របស់​ខេត្ត​បាត់ដំបង​។ “ខ្ញុំ​ពិត​ជា​រីករាយ​ដែល​ខេត្ត​បាត់ដំបង​បាន​ទទួល​ចាប៉ី​ដង​វែង​ដ៏​ធំ​នេះ​។​​ ចាប៉ី​នឹង​ត្រូវ​ដាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ចូល​ទស្សនា​ដើម្បី​ឲ្យ​ពួក​គាត់​កាន់​តែ​ស្រឡាញ់​កេរមរតក​របស់​ដូនតា​យើង​ ហើយ​ចូលរួម​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ត​ទៅ​”​។​

ឯកឧត្តម​ សុខ ​សង្វារ​ អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​ជា​ប្រធាន​គម្រោង​ភូមិ​ខ្ញុំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ មាន​ប្រសាសន៍​ក្នុង​ឱកាស​បង្ហាញ​ចាប៉ី​ដងវែង​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​​បាត់ដំបង​ និង​ប្រតិភូ​នៃ​កិច្ច​ប្រជុំរដ្ឋមន្រ្តី​ទេសចរណ៍​នៃ​កិច្ចសន្ទនា​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​២ ​ថា ការ​កសាង​ចាប៉ី​ដង​វែង​ខ្នាត​យក្ស​ដាក់​តាំង​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លង​ទៅនេះ​ គឺ​ដើម្បី​អបអរសាទរ​ដែល​ចាប៉ី​ដង​វែង​របស់​កម្ពុជា​ ត្រូវ​បាន​អង្គការ​យូណេស្កូ​ សម្រេច​ដាក់​បញ្ចូល​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​យូណេស្កូ​នា​ទី​ក្រុង​ Addis Ababa ប្រទេស​អេត្យូពី​ នា​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។

ឯកឧត្តម​បន្ថែម​ថា ​ការ​ដង្ហែ​ចាប៉ី​ដងវែង​ខ្នាត​ធំ​មក​រក្សាទុក​ក្នុង​ខេត្ត​បាត់ដំបង​នេះ ​នឹង​ធ្វើ​ឲ្យ​ធ្វើ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​មាន​ការ​ចាប់អារម្មណ៍ ​ស្រឡាញ់ ​និង​រួមចំណែក​ថែរក្សា​បេតិកភណ្ឌ​នេះ​បាន​គង់វង្ស​យូរអង្វែង​។​ ជាមួយគ្នា​នេះ ​ឯកឧត្តម​ក៏​​បានថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ច័ន្ទ សុផល​ និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឯកឧត្តម​ ស ​រដ្ឋា​ ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ និង​ទទួល​រក្សាទុក​ចាប៉ី​ដងវែង​ខ្នាត​ធំ​នេះ​ក្នុង​អាគារ​បុរាណ​ដែល​មាន​អាយុកាល​ជាង​១​០​០​ឆ្នាំ។​

សូម​បញ្ជាក់​ថាចាប៉ី​ដង​វែង​ខ្នាត​ធំ ​ដែល​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​បរិវេណ​ភូមិខ្ញុំ​នៅ​ថ្ងៃ​អង្គរ​សង្រ្កាន្ត និង​បាន​ដង្ហែ​មក​រក្សា​ទុក​ក្នុង​ខេត្ត​បាត់ដំបង​នេះ​មាន​ប្រវែង​១​០​ម៉ែត្រ​កន្លះ​ មាន​តួ​ស្នូក​ទទឹង​ប្រវែង ២,២០​ម៉ែត្រ​ បណ្តោយ​ប្រវែង ​២​,៨​០​ម៉ែត្រ ​និង​កម្រាស់ ៦០​សង់​ទីម៉ែត្រ។ ដង​ចាប៉ី​ដែល​មាន​ប្រវែង​៧​,​​​៧០​ម៉ែត្រ។ ចំណែក​ស្នូកធ្វើ​អំពី​ឈើ​កុំ​ប្លាកេ ​និង​ខ្សែ​ចាប៉ី​ធ្វើ​អំពី​ខ្សែជ័រ​ទំហំ​៨៥​សង់​ទីម៉ែត្រ​។ ប្រលួត​ចំនួន​៣ ​ដែល​មាន​ទំហំ ​១​៨​សង់​ទី​ម៉ែត្រ ​និង​បណ្តោយ​ប្រវែង​១​,​០​៥​​ម៉ែត្រត្រូវ​បាន​រចនា​ក្បូរ​ក្បាច់​យ៉ាង​ប្រណីត​៕ ផ្តល់សិទ្ធដោយ news.kqube.net

Add a Comment

Your email address will not be published. Required fields are marked *